មិត្តឥតវិញ្ញាណ

ជីវិតជាមនុស្សតែងជួបរឿងសោកសៅ ទោះបីពេលខ្លះគ្មាននរណាធ្វើអីយើងក៏ដោយ។

ពេលខ្លះយើងកើតទុក្ខ ដោយសារតែនឹកឃើញរឿងពីមុន។ ពេលខ្លះ យើងមិនស្រួលចិត្ត ព្រោះតែសុខភាព។ ពេលខ្លះ យើងព្រួយ ព្រោះតែអាកាសធាតុ ពេលដែលអាកាសធាតុអួអាប់ ចិត្តយើងក៏អួអាប់។ ដូចជាពេលនេះ មេឃកំពុងធ្លាក់ភ្លៀង ចិត្តខ្ញុំក៏ហាក់ចង់យំ។

ពេលដែលមិនអាចនិយាយនូវអ្វីដែលចង់និយាយ ក្នុងទ្រូងកញ្ជ្រោលចង់បញ្ចេញ ដូច្នេះវិធីសង្កត់ដ៏ល្អ គឺការសរសេរ។ មិនចាំបាច់សរសេរពីរឿងក្នុងទ្រូងនោះទេ គឺសរសេររឿងផ្សឹង ដើមី្បឲ្យពេលវេលាដ៏លំបាក ដែលប្រឹងសង្កត់ចិត្តនេះកន្លងផុតទៅ។

ក្នុងពេលដែលមេឃភ្លៀង ចិត្តចង់យំ ក្នុងពេលដែលរកអ្នកណាមិនបាន…

មានតែកុំព្យូទ័រមួយគត់ដែលព្រមនៅកំដរខ្ញុំ។ វាអនុញ្ញាតឲ្យខ្ញុំ silent speaking បន្ថយនូវភាពតឹងណែនក្នុងបេះដូងខ្ញុំ។

កុំព្យូទ័រជាវត្ថុឥតវិញ្ញាណ។ ដោយសារហេតុនេះទើបវាស្មោះត្រង់ចំពោះខ្ញុំ។ វាមិនទៅចោលខ្ញុំ មានតែខ្ញុំទេទើបទៅចោលវា។ វាមិនដែលធ្វើឲ្យខ្ញុំឈឺចាប់ មានតែខ្ញុំទេដែលវាយដំវា។ វាមិនដែលត្អូញត្អែរ ទ្រាំកំដរខ្ញុំគ្រប់ពេល មិនថាព្រឹក ថ្ងៃ រសៀល ល្ងាច យប់។ ថ្ងៃខ្លះ វាកំដរខ្ញុំមួយយប់ទល់ភ្លឺ។ វាមិនស្រែកថ្ងូរថាហត់ឡើយ។ វាអត់ធន់ រហូតដល់ទីបំផុត។

ខុសពីមនុស្សដែលជារបស់មានវិញ្ញាណ។ របស់មានវិញ្ញាណ ចេះរត់ចេះដើរ គេមិនអាចនៅជាមួយយើងគ្រប់ពេលទេ។ របស់មានវិញ្ញាណ មានខួរក្បាលដ៏វៃឆ្លាត ដែលចេះបង្កើតគំនិតប្លែកៗ រួមទាំងគំនិតបោកប្រាស់ កេងបន្លំ បោកបញ្ឆោត។

មនុស្សភាគច្រើនជ្រើសរើសយកមនុស្ស ប៉ុន្តែខ្ញុំជ្រើសរើសយកកុំព្យូទ័រ។ ខ្ញុំរើសយកវត្ថុឥតវិញ្ញាណ ធ្វើជាមិត្តស្លាប់រស់។

ខ្ញុំត្រូវការអ្នកស្មោះនឹងខ្ញុំ។

ខ្ញុំរកបានហើយ គឺកុំព្យូទ័រ៕

Advertisements

រឿង «ផ្លែមង្ឃុត»

mangosteen

តើអ្នកណាខ្លះជាក្មេងកើតឆ្នាំ ៨០? បើសិនជាកើតឆ្នាំនោះ ភាគច្រើនស្គាល់សៀវភៅរឿងនិទាន សម័យរដ្ឋកម្ពុជា ហើយក្នុងនោះមានរឿងមួយ មានចំណងជើងថា «ផ្លែមង្ឃុត»។

ប៉ុន្មានថ្ងៃនេះ ខ្ញុំមិនស្រួលកាយមិនសប្បាយចិត្ត។ ណាមួយដោយសារសុខភាព ណាមួយដោយសារបញ្ហាលុយ ធ្វើឲ្យអារម្មណ៍ធុញថប់ ហើយមិនចង់សរសេរ មិនចង់ធ្វើអី ចង់តែដេក។

ថ្ងៃសៅរ៍អាទិត្យចុងសប្តាហ៍មុន បានចេញទៅហាត់ប្រាណ ធ្វើឲ្យអារម្មណ៍បានស្រស់ស្រាយខ្លះៗ ហើយក៏បណ្តែតអារម្មណ៍នឹកដល់វ័យកាលនៅកុមារ រួចស្រាប់តែនឹកឃើញរឿងផ្លែមង្ឃុតដែលធ្លាប់អានក្នុងសៀវភៅរឿងនិទាននោះទៅ។

ខ្ញុំសម្រេចចិត្តសរសេរដាក់លើប្លក ដើមី្បជាការរំឭកដល់អនុស្សាវរីយ៍ដែលសប្បាយៗកាលនៅពីក្មេង ទុកជាការលើកទឹកចិត្តខ្លួនឯង ឲ្យដើរបន្តទៀតលើផ្លូវជីវិតដែលស្មុគស្មាញ និងសុទ្ធតែដុំថ្ម និងជង្ហុក។

ខ្ញុំចាំឈ្មោះតួអង្គមិនបានទេ ហេតុនេះខ្ញុំដាក់ឈ្មោះតួអង្គថ្មី ហើយដំណើររឿង ខ្ញុំក៏មិនអាចសរសេរដូចរឿងដើមទាំងស្រុងដែរ។ ខ្ញុំសូមអភ័យត្រង់ចំណុចនេះផង។

សូមរីករាយអានដូចតទៅ។

ពូសុខ ជាអ្នកជំនួញ។ គាត់មានកូនស្រី ៤ នាក់ កូនទី១ ឈ្មោះសុផា កូនទី២ ឈ្មោះសុភី កូនទី៣ ឈ្មោះសុភាព និងកូនទី៤ ឈ្មោះសុជាតា។

ថ្ងៃមួយ គាត់ត្រឡប់មកពីធ្វើជំនួញ បានទិញផ្លែមង្ឃុតមកចែកកូនស្រីគាត់ម្នាក់ ២ ផ្លែ។ លុះយប់ឡើង គាត់អង្គុយលេងជាមួយកូនជជែកពីរឿងផ្លែមង្ឃុត។

ពូសុខ៖ តើផ្លែមង្ឃុតមានរសជាតិម៉េចដែរ កូន?

សុផា ៖ សាច់វាមានក្លែបៗ រសជាតិជូរអែម ឆ្ងាញ់ណាស់ពុក។ កូនញ៉ាំមួយ ហើយយកមួយទៅលក់នៅឯផ្សារ បានប្រាក់ ២ រៀល។

ពូសុខ ៖ កូនចេះលក់ដូរតាំងពីក្មេង។ ថ្ងៃក្រោយ កូនមុខជាក្លាយជាអ្នកជំនួយដូចពុកដែរ។ (ពូសុខងាកទៅកូនស្រីទី ២) ចុះកូន?

សុភី ៖ កូនញ៉ាំផ្លែមង្ឃុតទាំង ២។ វាឆ្ងាញ់ណាស់ ហើយកូនយកគ្រាប់វាទៅបណ្តុះក្នុងដីចម្ការក្រោយផ្ទះរបស់យើង។

ពូសុខ ៖ ថ្ងៃក្រោយ កូនប្រាកដជាក្លាយអ្នកកសិកម្ម។

សុជាតា ៖ កូនញ៉ាំសាច់របស់វាអស់ ហើយខ្ជាក់គ្រាប់ចោល។

ពូសុខអង្អែលក្បាលសុជាតា ៖ កូននៅក្មេងណាស់ ។ (រួចងាកទៅសុភាព) ចុះកូន?

សុភាព ៖ កូនអត់ដឹងផង។

ពូសុខ ៖ កូនមិនបានញ៉ាំទេឬ?

សុភាព ៖ កូនមិនបានញ៉ាំទេ។ កូនយកទៅឲ្យតារា មិត្តរួមថ្នាក់របស់កូន។ គេគ្រុន ញ៉ាំអីមិនបានច្រើនថ្ងៃហើយ។ ពេលតារាបានផ្លែមង្ឃុតនោះ គេញញឹម ហើយយកទៅដាក់ជិតច្រមុះ បន្ទាប់មកគេហុចមកឲ្យកូនវិញ។ កូនក៏រត់ចេញ ហើយស្រែកប្រាប់ថា «តារា! ឯងញ៉ាំផ្លែនេះចុះ ដើមី្បឲ្យឆាប់ជា។»។

ពូសុខ អង្អែលក្បាលសុភាព ព្រមទាំងលាន់មាត់៖ កូនពិតជាក្មេងមានសន្តានចិត្តមែន។ ពុកសុំសរសើរ៕

ចំណូលអារម្មណ៍ថ្មី

khmer modern calligraphy

ពេលធុញថប់ មិនសប្បាយចិត្ត ឬមួម៉ៅ ខ្ញុំតែងប្រើវិធីរម្ងាប់អារម្មណ៍ដូចជា៖

  • អានសៀវភៅ
  • ស្តាប់ចម្រៀង
  • មើលវីដេអូ
  • មើលរូប (តាមអ៊ិនធើណេត)
  • លេងហ្គេម

ប៉ុន្តែពេលខ្លះ ខ្ញុំចង់បានរបស់កំដរអារម្មណ៍ថ្មី។ របស់ទាំងនេះដដែលៗ ហើយក៏មានមនុស្សធ្វើដូចតែគ្នា។ ខ្ញុំចង់បានលក្ខណៈ unique ផ្ទាល់ខ្លួន ដែលគ្មាននរណាដូច។

Khmer Modern Lettering ខ្ញុំស្គាល់ទំព័រហ្វេសប៊ុកនេះយូរគួរសមហើយ។ មុនដំបូង ទំនាក់ទំនងដើមី្បការងារបោះពុម្ព។ ក្រោយមក មានពេលមួយ អារម្មណ៍តឹងណែន ធុញថប់ ខ្ញុំធ្វើអីក៏មិនបាត់ដែរ។ វិធីទាំងប៉ុន្មានប្រើអស់ហើយ នៅតែមិនអាចបំបាត់ភាពតានតឹងនោះបាន។ ខ្ញុំបានចូលហ្វេសប៊ុក សង្ឃឹមចង់រកមិត្តភក្តិជជែក តែថ្ងៃនោះមិត្តភក្តិ offline គ្រប់គ្នា។ ខ្ញុំយល់ថា ពិភពលោកនេះមិនយុត្តិធម៌សោះ ដែលបោះបង់ខ្ញុំឲ្យពិបាកចិត្តតែម្នាក់ឯងដូច្នេះ។

ក្នុងពេលដែលអារម្មណ៍អួអាប់ ខ្ញុំ scroll មើល feed ហើយក៏ឃើញ post របស់ page Khmer Modern Lettering។ ខ្ញុំក៏ចុចចូលមើលលេងទៅ ព្រោះខានគេ update post យូរហើយ។ ខ្ញុំ scroll មើលគ្រប់ post ទាំងចាស់ទាំងថ្មី។ អក្សរកាច់ចុះកាច់ឡើង ដូចក្បាច់រាំអ៊ីចឹង ហើយអារម្មណ៍របស់ខ្ញុំក៏ស្រាប់តែកាច់តាមក្បាច់ទាំងនោះ។ អារម្មណ៍ខ្ញុំបានហាត់ប្រាណ បញ្ចេញញើស មិនយូរប៉ុន្មាន ភាពតានតឹង ធុញថប់ទាំងប៉ុន្មានក៏រលាយបាត់។

ចាប់តាំងពីពេលនោះ ទំព័រហ្វេសប៊ុកមួយនេះ ក៏ចាត់ចូលជាឧបករណ៍បំបាត់ភាពតានតឹងរបស់ខ្ញុំ។ ខ្ញុំនៅតែប្រើវិធីផ្សេងៗដូចកាលពីមុន គ្រាន់តែថែមមួយនេះប៉ុណ្ណោះ។

ខ្ញុំមិនបានចូលចិត្តគ្រប់ក្បាច់អក្សរទាំងអស់ទេ។ ពេលខ្លះ ខ្ញុំយល់ថា ម្ចាស់ផេកចូលចិត្តប្រើពណ៌ ជាពិសេស background ដែលធ្វើឲ្យក្បាច់អក្សរមិនសូវទាក់ទាញ ប៉ុន្តែពេលខ្លះ ខ្ញុំក៏មិនបានគិតច្រើនដែរ មើលដោយមិនពិចារណា ហើយអារម្មណ៍ក៏ relax ទៅតាមហ្នឹង។

ដូចជាយប់នេះ ខ្ញុំមិនសូវសប្បាយចិត្ត ហើយសកម្មភាពដែលខ្ញុំធ្វើដើមី្បបន្ធូរអារម្មណ៍ គឺមើល calligraphy នេះឯង៕

ភ្លេច

ខ្ញុំចង់សរសេរ តែភ្លេចថាខ្លួនឯងចង់សរសេរអី។

ជារៀងរាល់ថ្ងៃ ខ្ញុំនៅជាមួយកុំព្យូទ័រយួរដៃ មិនតិចជាង ៧ ម៉ោងទេ។

សុខភាពឆ្នាំនេះ ធ្លាក់ចុះគួរឲ្យកត់សម្គាល់ ហើយខ្ញុំសែនព្រួយបារម្ភ ពីស្ថានភាពសុខភាពខ្ញុំ។

កន្លងមក ក្នុង ១ ថ្ងៃ យ៉ាងហោចណាស់ ខ្ញុំសរសេរលើប្លកបានមួយ។ មួយរយៈនេះ ដោយសារមានបញ្ហាសុខភាពផង និងបញ្ហាពាក់ព័ន្ធនឹងគោលនយោបាយរបស់ហ្វេសប៊ុកផង ធ្វើឲ្យខ្ញុំមិនអាចសរសេរប្លកបានញឹកញាប់ដូចមុន។

ខ្ញុំភ្ជាប់ប្លករបស់ខ្ញុំទៅហ្វេសប៊ុកដោយផ្ទាល់។ ពេលខ្ញុំផុសអត្ថបទថ្មី អត្ថបទនោះនឹងចេញនៅលើទំព័រហ្វេសប៊ុករបស់ខ្ញុំ ស្រមោលព្រះចន្ទ្រ ភ្លាមៗតែម្តង។

ក្រោយពេលខ្ញុំផុសជាញឹកញាប់ ហ្វេសប៊ុកក៏ផ្ញើសារមកប្រាប់ថា ខ្ញុំគួរតែផុសផ្ទាល់លើហ្វេសប៊ុក។ នោះជាសារព្រមាន។ គេចង់ប្រាប់ថា គេមិនអនុញ្ញាតឲ្យស៊ែរបណ្តាញសង្គមផ្សេងចូលកន្លែងរបស់គេទេ។

ខ្ញុំធ្លាប់ប៊ិះម្តង ដោយខ្ញុំមិនបានចាប់អារម្មណ៍នឹងការព្រមានរបស់ហ្វេសប៊ុក ធ្វើឲ្យទំនាក់ទំនងរវាងទំព័រហ្វេសប៊ុក និងប្លកខ្ញុំ error។ ខ្ញុំត្រូវអាក់ខានលេងប្រមាណជា ៣ ថ្ងៃ ទើបអាចចូលទៅសម្របសម្រួលពួកវាឡើងវិញ។

ដោយសារខ្លាចមានបញ្ហាទៀត ខ្ញុំក៏មិនហ៊ានសរសេរអីទៀតទេ។ ១ អាទិត្យទៅ ២ អាទិត្យទើបហ៊ានផុសម្តង។

ចំណុចនេះជារឿងមិនសូវល្អសម្រាប់អ្នកសរសេរប្លកដូចខ្ញុំ។ ប៉ុន្តែវាមានគុណសម្បត្តិមួយ គឺធ្វើឲ្យខ្ញុំផ្តាច់ចេញពីកុំព្យូទ័របានខ្លះ ធ្វើឲ្យខ្ញុំមានពេលសម្រាកទាំងភ្នែក ដៃ ចង្កេះ និងខួរក្បាល។ ខ្ញុំប្រើប្រាស់ខួរក្បាលច្រើន (យប់ខ្លះ នៅដល់ម៉ោង ៣ ភ្លឺ)។ ដូចខ្ញុំនិយាយពីខាងលើអ៊ីចឹង។ ខ្ញុំភ្លេចច្រើន ឆាប់អស់ឋាមពល និងគេងមិនសូវបានស្រួលទេ ក្រោយពេលហ្វេសប៊ុកលេងមួយក្បាច់ហ្នឹងមក ខ្ញុំមានឱកាសបែរមកចាប់យកការថែរក្សាសុខភាព។

ក្នុងនាមជាអ្នកនិពន្ធ ខ្ញុំចង់ល្បីដូចគេដែរ តែមួយជីវិតខ្ញុំ របស់ដែលខ្ញុំយកមិនបានគឺសុខភាព ហេតុនេះ ខ្ញុំត្រូវព្រមទទួលស្គាល់ការពិត។ ខ្ញុំមិនបោះបង់ចោលការនិពន្ធទេ តែខ្ញុំកាត់បន្ថយខ្លះ ដើមី្បសុខភាពខ្ញុំ។ បើប្រៀបធៀប រវាងភាពល្បីល្បាញ កិត្តិយស និងសុខភាព ខ្ញុំជ្រើសរើសយកសុខភាព។ ខ្ញុំអាចចេញសៀវភៅ ១ ឆ្នាំមួយ ឬ ២ ឆ្នាំមួយ ល្អជាងមិនអាចចេញផ្សាយរហូតមួយជីវិត៕

ប្រម៉ូដខ្លួនឯង ខុសដែរ?

សម័យប្រូម៉ូដ។ ហេតុអីបានជាខ្ញុំមិនអាចប្រូម៉ូដខ្លួនខ្ញុំ?

ពេលដែលឃើញខ្ញុំមានប្លកផង ហ្វេសប៊ុកផេកពីរបី ឆានែលយូធ្យូបពីរបី ដេលីម៉ូសិន.. មានអ្នកមកសួរថា បង្កើតច្រើនម្ល៉េះ? ខ្ញុំថា ទុកប្រូម៉ូដខ្លួនខ្ញុំ។ ស្រាប់តែគេសើចពេបមាត់។

តើខ្ញុំប្រូម៉ូដខ្លួនខ្ញុំ ដោយខ្លួនឯងខ្ញុំ ជារឿងខុសមែនទេ?

ទាល់តែហៅអ្នកកាសែតមកសម្ភាស ឬសុំចូលក្នុងកម្មវិធីទូរទស្សន៍ ទើបជាការប្រូម៉ូដដ៏ត្រឹមត្រូវឬ?

សូមី្បតែខ្ញុំនិយាយពីសៀវភៅខ្ញុំបោះពុម្ព ឬរឿងដែលខ្ញុំនិពន្ធ ក៏គេពេបជ្រាយឲ្យខ្ញុំដែរ។ គេថា រឿងរបស់ខ្លួនឯង ប្រូម៉ូដខ្លួនឯងអ៊ីចឹង វាមិនសម។ ទាល់តែឲ្យអ្នកផ្សេងនិយាយ ទើបសមជាង។

ឮគេនិយាយដូច្នេះ ខ្ញុំឆ្ងល់ណាស់។ ជួនកាលខ្ញុំជ្រួញចិញ្ចើម។ គេឃើញហើយ ក៏និយាយ៖

«គ្រាន់តែផ្តល់យោបល់ទេ។ ព្រោះយល់ថាស្គាល់គ្នា ទើបជួយប្រាប់។»

មិនដឹងថាជួយប្រាប់ឬចាប់ព្រួយ!

មានអ្នកខ្លះគេនិយាយថា ខ្ញុំប្រូម៉ូដតាមគេ តាមអ្នកល្បី និងអ្នកនិពន្ធផ្សេងៗ។ ដល់ឮបែបនេះ រឹតតែឆ្ងល់។ ការប្រូម៉ូដនេះ ជាកម្មសិទ្ធិផ្តាច់មុខរបស់អ្នកល្បី ឬអ្នកនិពន្ធទាំងនោះឬ? គេទិញផ្តាច់មុខម៉ងឬ? បើអ៊ីចឹងមែន ចង់ដឹងដល់ហើយ តើទិញពីអ្នកណា? តម្លៃប៉ុន្មាន?

មនុស្សាលោក.. ពួកគេជាបណ្ឌិត.. ខ្ញុំចេះមិនដល់ទេ។ ខ្ញុំដឹងត្រឹមថា៖

  • ខ្ញុំអត់មានលុយបង់ឲ្យអ្នកកាសែតឲ្យមកសម្ភាសខ្ញុំឡើយ។
  • អ្នកនៅទូរទស្សន៍ ខ្ញុំមានស្គាល់ តែស្គាល់ពេលគេរកមនុស្សចូលកម្មវិធីគេ។ ចប់កម្មវិធីពេលណា គេលែងមកស្គាល់ខ្ញុំហើយ។
  • ខ្ញុំស្គាល់អ្នកនៅវិទ្យុ តែខ្ញុំអត់ចង់រាប់អានគេទេ។ ធុញ! ព្រោះគេអ្នកល្បី អ្នកកាលីប.. ខ្ញុំអ្នកកាលឹប។
  • មិត្តភក្តិក្នុងពិភពនិពន្ធ និងផលិតសៀវភៅមានតិចតួចស្តួចស្តើង។ គឺខ្ញុំខ្លួនឯងជាអ្នកមិនចង់ពង្រីកចំនួនមិត្តភក្តិ ព្រោះក្រយៅខ្ញុំ រាប់រកអ្នកណា ស៊ីតែនំឌឿករបស់អ្នកនោះ។ ហេតុនេះចូលចិត្តនៅឯកា.. ដើរអាឡេអាឡឺម្នាក់ឯង។

ខ្ញុំក៏ចង់ល្បី ចង់មានឈ្មោះបោះសំឡេងដូចគេដែរ ប៉ុន្តែខ្ញុំជ្រើសរើសយកវិធីឡើងជណ្តើរទៅកាន់ភាពល្បីល្បាញ ដោយសមត្ថភាព ខ្លួនឯងផ្ទាល់។ ខ្ញុំរើសយកមធ្យោបាយប្រូម៉ូដខ្លួនឯង ដោយប្រើបណ្តាញសង្គមមានដូចជា៖ ហ្វេសប៊ុក ប្លក ប្លកស្ប៉ត យូធ្យូប ដេលីម៉ូសិន។ល។

ខ្ញុំអត់គិតថាខុសទេ ព្រោះថាគេបង្កើតបណ្តាញសង្គមទាំងនេះដើមី្បជួយសម្រួលដល់អ្នកដែលគ្មានលទ្ធភាព (លុយ) ដោយផ្តល់ឱកាសឲ្យអ្នកទាំងនោះបានសម្រេចបំណងប្រាថ្នារបស់ខ្លួនឯង ទៅតាមសមត្ថភាព និងសំណាងរបស់ពួកគេ។

ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកគ្មានលទ្ធភាពទាំងនោះដែរ។

ខ្ញុំប្រូម៉ូដខ្លួនខ្ញុំ តាមរយៈបណ្តាញសង្គម និយាយពីរឿងដែលខ្ញុំនិពន្ធ និយាយពីសៀវភៅដែលខ្ញុំបោះពុម្ព និយាយពី សកម្មភាពផ្សេងៗរបស់ខ្ញុំ និយាយពីចំណូលដើរលេង និងស៊ីចុករបស់ខ្ញុំ។ ខ្ញុំធ្វើតែអំពីរបស់ខ្ញុំ អត់មានយករបស់អ្នកដទៃ អត់មានលួចអត់មានប្លន់របស់អ្នកណា អត់មានបន្តុះបង្អាប់របស់គេផ្សេងទេ.. ខ្ញុំធ្វើតែអ្វីដែលជារបស់ខ្ញុំ.. ចុះហេតុអី? ហេតុអីបានជាខ្ញុំខុស? ហេតុអីបានជាមកថាឲ្យខ្ញុំ ដោយគ្រាន់តែខ្ញុំប្រូម៉ូដអំពីខ្លួនខ្ញុំ? ហេតុអីមកមើលងាយខ្ញុំ?

ធ្វើអីក៏អត់បានដែរ។ មានអ្នកចាំមើល អ្នកចាំខ្ទាស់ អ្នកចាំប៉ែងជើង។ ប៉ុន្តែចៃដន្យអី ខ្ញុំជាមនុស្សឈ្លើយ ជាជើងកាង.. ហេតុនេះខ្ញុំអត់ខ្វល់ទេ។ ឮហើយ ទុកក្នុងចិត្ត។ ឆ្ងល់ហើយ បំភ្លេចចោល។ ពួកគេទាំងនោះគ្មានសិទ្ធិអីមកដាក់កំហិតឲ្យខ្ញុំទេ។ ខ្ញុំចង់ធ្វើអី ខ្ញុំធ្វើនោះ ឲ្យតែខ្ញុំមិនប្រព្រឹត្តខុសច្បាប់ មិនបង្ករឿងដល់អ្នកដទៃ គឺស្រេចបាត់ទៅហើយ.. ទៅខ្វល់អីនឹង សំឡេងស្រែករបស់ពួកក្អែកតាវ៉ៅ.. ត្រូវទេ?!!!

គួរដល់ពេលចេញវីដេអូប្រូម៉ូដខ្លួនឯង។ ព្យាយាមរាវ ព្យាយាមគិតអស់ ១ ឆ្នាំហើយ ដើមី្បរក concept ប្រូម៉ូដខ្លួនឯងថ្មី។ ឥលូវ គួរដល់ពេលប្រតិបត្តិការហើយ៕

បុកល្ហុងយាយប៉ិកូនច្រើន

Slide1

មិនមែនឈ្មោះហាងគាត់អ៊ីចឹងទេ គឺអ្នកណែនាំខ្ញុំទៅហាងនោះជាអ្នកដាក់រហស្សនាមឲ្យ។ ខ្ញុំឮទំនង ក៏យកមកធ្វើជា ចំណងជើងអត្ថបទ។

តាមពិតហាងគាត់ឈ្មោះ «ម៉ាក់អូននីតបុកល្ហុង»។ នីត ជាឈ្មោះកូនស្រីពៅរបស់គាត់។

ហាងគាត់ស្ថិតក្នុងបុរីពិភពថ្មីចម្ការដូង។ ខ្ញុំមិនចាំលេខផ្លូវទេ ដឹងតែផ្លូវចូលទៅត្រង់តែម្តង ហើយក្រឡេកមើលខាងឆ្វេងដៃ ប្រហែលជា ៥០០ ម៉ែត្រពីផ្លូវចូល នៅជាប់នឹងផ្ទះលក់ដូង។

Slide2

ហាងនេះមានលក់បុកល្ហុង បុកពោត បុកមីសួ បុកមី.. សុទ្ធតែប្រភេទបុក តែអត់មានរុកទេ.. ហើយបុកធម្មតា អត់បុកឆ្កួតឡើយ។

ប្រភេទចំណីបុកហ្នឹងមានរសជាតិផ្សេងៗ ដូចជាក្តាមប្រៃ ទឹកប្រហុក ទឹកកាពិ។ ចំណែកសាច់មាន៖ បង្គាក្រៀម ក្តាមសេះ មឹក ងាវ។ល។ ក្រៅពីហ្នឹងមានឈុតស្អីខ្លះទេ.. ច្រើនណាស់.. ហើយក៏មានបាយដំណើបសាច់ជ្រូកអាំង មាន់អាំង ជើងទាខ.. ខ្ញុំមិនបានភ្លក់អស់ទេ ព្រោះច្រើនពេក ដូច្នេះអត់ចាំបញ្ជីរាយមុខអាហារ។

Slide3

Slide4

ភេសជ្ជៈមានតែទឹកសុទ្ធ និងភេសជ្ជៈកំប៉ុង អត់មានទឹកផ្លែឈើស្រស់អីទេ។

ក្រៅពីហ្នឹង ហាងគាត់មានបង្អែម។ កាលពីមុនមាន ២ មុខ គឺតៅស្រ៊ន់ និងបាយដំណើប សង្ខ្យា-ធុរេន។ ទើបតែថ្មីៗនេះ គាត់ថែមបង្អែមមួយមុខទៀតគឺបង្អែមពងមាន់ តែរាងខុសគេបន្តិច ត្រង់ដាក់ស្លឹកតើយ។

Slide5

ហាងគាត់បើកជាលក្ខណៈគ្រួសារ។ ទាល់តែម៉ោង ២ រសៀល ទើបបើក ហើយជាផ្ទះល្វែង អត់មានម៉ាស៊ីនត្រជាក់ទេ។ កាលពីជំនាន់ដាច់ភ្លើង ញ៉ាំបណ្តើរស្រក់ញើសបណ្តើរ។ ឥឡូវមានភ្លើងវិញ បានកង្ហាយោង។

ចំណុចពិសេសមួយរបស់ហាងនេះ គឺអ្នករត់តុសុទ្ធតែប្រុស ហើយសុទ្ធតែអាយុក្រោម ២០.. (ហាស ហាស ហាស គឺកូនប្រុសគាត់ហ្នឹងណា)។

ពាក្យថាឆ្ងាញ់ សម្រាប់អ្នកផ្សេង ខ្ញុំមិនដឹងទេ តែខ្ញុំ បុកល្ហុងគាត់ត្រូវមាត់ខ្ញុំ។ ដោយហេតុដូច្នេះ ទើបថ្ងៃខ្លះសុខចិត្តជិះ ទៅញ៉ាំដល់ហ្នឹង។

ឮថាគាត់មានហ្វេសប៊ុកផេកដែរ តែខ្ញុំអត់ស្គាល់ផង។ បើអ្នកអានចង់ដឹង ជួយរាវខ្លួនឯងបន្តិចទៅ ព្រោះអ្នកសរសេរខ្ជិលរាវ៕

កុំឲ្យខ្ញុំមាន

មិនថាសរសេរដាក់ប្លក ឬហ្វេសប៊ុកទេ ខ្ញុំជួបតែរឿងអ៊ីចឹង។

ប្លកស្រមោលព្រះចន្ទ្រ ចាប់ផ្តើមយូរហើយ តែគ្មាននរណាគេមកខ្វល់ទេ។ កាលណោះខ្ញុំប្រឹងសរសេរអត្ថបទល្អ អប់រំ លើកទឹកចិត្តគេ អត់មានគេឡែក អត់មានគេស៊ែរ ទេ។ ខ្ញុំក៏បានស៊ែរ ចូលទៅក្នុងហ្វេសប៊ុក និងហ្វេសប៊ុកផេក របស់ខ្ញុំ តែអត់មានអ្នកចាប់អារម្មណ៍សោះ។

ប្លកស្រមោលព្រះចន្ទ្រ ល្បីខ្លាំងក្រោយពេលខ្ញុំចេញអត្ថបទជេរបញ្ចោរគេ មានចំណងជើងថា «តាំងព្រះនាមខ្លួនឯងថាស្ពាន»។

អត្ថបទហ្នឹង ខ្ញុំជេរអ្នកដែលស្ថិតនៅក្នុងចង្កោមនិពន្ធ និងផលិតសៀវភៅ គឺអ្នកដែលខ្ញុំស្គាល់ ដែលខ្ញុំធ្លាប់រាប់អាន ដែលពួកគេទាំងនោះត្រឡប់ទៅជាមើលងាយខ្ញុំ ក្រោយពេលគេបានល្បីឈ្មោះ និងពួកចង់បោកខ្ញុំប្រើ។

អត្ថបទមួយហ្នឹងត្រូវបានគេស៊ែរ ចេញច្រើនជាងសព្វដង ហើយក៏មានអ្នកចូលអានប្លកខ្ញុំរហូតដល់ទៅ ១៥០។

សម្រាប់អ្នកនិពន្ធល្បី ត្រឹម ១៥០ អី គ្មានព្រឺរោមជើងគេទេ ព្រោះយ៉ាងតិចណាស់អត្ថបទគេមានអ្នក មើល ២០០០។ ប៉ុន្តែសម្រាប់អ្នកនិពន្ធកំប៉ិឡិដូចខ្ញុំ ប៉ុណ្ណឹងមហាកំពូលជោគជ័យហើយ។

ដោយសាររឿងមួយនេះ ទើបស្រមោលព្រះចន្ទ្រចាប់ផ្តើមមានឈ្មោះបោះសំឡេង។

ដល់ហ្វេសប៊ុក ឬហ្វេសប៊ុកផេក របស់ខ្ញុំក៏មានវាសនាមិនខុសពីប្លកដែរ។ ខ្ញុំផុសរូបស្អាតៗ វីដេអូសប្បាយៗ សារអប់រំអ៊ីចេះអប់រំអ៊ីចុះ គ្មានអ្នកខ្វល់ទេ សូមី្បតែពួកម៉ាកខ្លួនឯង ក៏មិនយកភ្នែកមើលផង។ ដល់ផុសជេរបញ្ចោរគេ មានឯណា.. មិនដឹងមកពីណាខ្លះទេ លោកអឺយ.. ឈ្មោះខ្លះអត់ដែលស្គាល់អត់ដែលឃើញផង ក៏ចូលមកខមមិន ឡែក និងស៊ែរ ដែរ។

គិតយូរៗទៅ អស់សំណើច។ បើសិនសរសេរអត្ថបទធម្មតា ផុសធម្មតា អត់សូវមានអ្នកមើលទេ។ បើសរសេរអត្ថបទឆ្កួតៗ សរសៃប្រសាទ ជេរគេជេរឯង ដឹងតែសម្បូរអ្នកមើល។ មានចឹងដែរហ្ន៎!

ខ្ញុំស្មានតែមានតែខ្ញុំ តាមពិតមានអ្នកផ្សេងខ្លះដូចខ្ញុំដែរ។ ប្រឹងផុសល្អៗ អត់មានអ្នកខ្វល់ ដល់ផុសជេរគេ មិនដល់ ២ ម៉ោងផង ស៊ែរចេញជាង ២០ នាក់។

មិត្តភក្តិខ្ញុំម្នាក់និយាយថា សម័យនេះ គេល្បីដោយសារចេញវីដេអូជេរ។

មុនដំបូងមិនយល់ ឥឡូវយល់ហើយ។

នេះហេតុផលមួយ។ មានហេតុផលមួយទៀត ដែលជាគំនិតខ្មៅកខ្វក់ផ្ទាល់ខ្លួនរបស់ខ្ញុំតែម្តង គឺអ្នកដែលឡែកឬស៊ែរ ចេញអត្ថបទជេររបស់ខ្ញុំ មាន ៣ ប្រភេទ៖

១. គេចង់ជេរអ្នកនោះដែរ តែគេមិនហ៊ាន គេក៏ខ្ចីដៃយើងវាយគេម្នាក់នោះ។ អ៊ីចឹងគេនៅតែជាមនុស្សល្អដដែល។

២. គេជាបក្សពួករបស់អ្នកដែលយើងជេរ។ គេស៊ែរចេញ ដើមី្បឲ្យមនុស្សទូទាំងសាកលលោកយល់ថា យើងជាមនុស្សអាក្រក់ ដើរជេរគេជេរឯង។ គេធ្វើនេះដើមី្បជួយគ្នាគេ។

៣. គេបានផលប្រយោជន៍ពីអ្នកដែលយើងជេរ។ ឧទាហរណ៍ យើង និងគេលក់សៀវភៅដូចគ្នា។ ពេលយើងជេរអ្នកទិញ គេស៊ែរចេញ ដើមី្បឲ្យអ្នកទិញឃើញ ហើយឈប់មកទិញសៀវភៅយើង រួចទៅទិញសៀវភៅគេវិញ។

ខ្ញុំគឺអ៊ីចឹង។ គិតអាក្រក់ និយាយអាក្រក់ ធ្វើអាក្រក់។ អត់ខ្វល់ទេ។ បើស្អប់ បញ្ចេញ និងបង្ហាញឲ្យគេឃើញ ថាខ្ញុំស្អប់។

ពេលនេះ ខ្ញុំចាប់ផ្តើមយល់ច្បាស់ថា ហេតុអីបានក្នុងសម័យប៉ុលពត អ្នកស្រែក្រោយពេលក្លាយជាអ្នកត្រួតត្រាតំបន់ ក៏ខឹងស្អប់ និងធ្វើបាបអ្នកទីក្រុង។ ព្រោះអ្នកទីក្រុងធ្លាប់មើលងាយអ្នកស្រែ។ អ្នកទីក្រុងធ្លាប់តិះដៀល ធ្វើបាបអ្នកស្រែសព្វសារពើ ដូច្នេះអ្នកស្រែមានគំនុំ ទើបពេលបានឡើងកាន់អំណាច ក៏សងសឹងវិញ។

ខ្ញុំក៏ដូចគ្នាដែរ។ រោគហ្សុំប៊ីរាតត្បាតពេញក្នុងចិត្ត និងខួរក្បាលខ្ញុំ។ ខ្ញុំជាអ្នកនិពន្ធអត់មានកេរ្តិ៍ឈ្មោះ អត់មានហ្វេន អត់មានស្អីទាំងអស់.. ខ្ញុំត្រូវអ្នកល្បីធ្វើបាប រុករាន ទន្ទ្រាន មិនឲ្យមានសេចក្តីសុខគ្រប់សព្វបែបយ៉ាង។ ខ្ញុំស្អប់ និងគុំក្នុងចិត្ត។ ពេលខ្ញុំមាន ពេលខ្ញុំល្បី ខ្ញុំនឹងសងសឹកពួកទាំងនោះវិញ។ ដូច្នេះ កុំឲ្យខ្ញុំមានឲ្យសោះ។ កុំឲ្យខ្ញុំមានឱកាស។ បើខ្ញុំមានឱកាសពេលណា ខ្ញុំនឹងជាន់អ្នកឯងឲ្យកប់ចូលទៅក្នុងដី មិនឲ្យងើបឡើងមកវិញទេ៕